‪#‎វិធីដាំល្ហុងឱ្យបានផ្លែច្រើន‬ ‪#‎និងដើមទាប‬

‪#‎វិធីដាំល្ហុងឱ្យបានផ្លែច្រើន‬ ‪#‎និងដើមទាប‬
*** អំពីពូជល្ហុង
ដំណាំល្ហុង មានពូជច្រើនប្រភេទណាស់ ។ ប៉ុន្តែនៅប្រទេសកម្ពុជា គេជួបប្រទះតែពូជពីរប្រភេទប៉ុណ្ណោះគឺ ៖
>> ពូជល្ហុងល័ក្ខ ៖ ពូជប្រភេទនេះ មានឱជារសផ្អែមឆ្ងាញ់ណាស់ ប្រជាជននិយមដាំ និងបរិភោគ ។ ពូជនេះមានដើម និងធាងស្លឹកពណ៌រាងក្រហម ស្វាយ ផ្លែមានរាងទ្រវែង សាច់ច្រើន មិនសូវមានគ្រាប់ ។ ផ្លែទុំមានសំបកពណ៌លឿង សាច់ពណ៌ក្រហម គ្រាប់ខ្មៅហើយថ្លា ។
>> ពូជល្ហុងដំឡូង ៖ ពូជប្រភេទនេះពុំសូវមានឱជារសផ្អែមឆ្ងាញ់ទេ ។ ពូជនេះមានដើម និងធាងពណ៌បៃតង ។ ផ្លែទុំមានសំបកពណ៌លឿង ផ្លែរាងមូល កំប៉ោងធំ គ្រាប់មិនសូវខ្មៅ មានពណ៌សថ្លា ។
*** ការបន្តពូជ និងការជ្រើសរើសពូជ
ដំណាំល្ហុងបន្តពូជដោយគ្រាប់ ។ គេជ្រើសរើសផ្លែល្ហុងណាដែលទុំ ឬស្រគាល (មិនមែនទុំជោរពេកទេ) មកពុះយកគ្រាប់លាងទឹកឱ្យអស់រំអិល ។ បើយើងមិនយកទៅបណ្តុះភ្លាមទេ យើងត្រូវយកគ្រាប់ទៅសំដិលហាលថ្ងៃ ឬខ្យល់ឱ្យស្ងួតសិន ទើបរក្សាទុក ។ គ្រាប់ល្ហុងអាចរក្សាទុកបានរយៈពេល២ទៅ៣ខែ ។
*** ការបណ្តុះកូន
ដំណាំល្ហុង អាចដាំដោយបណ្តុះកូនជាមុន ឬក៏អាចដាំផ្ទាល់តែម្តងក៏បាន ។ យើងអាចបណ្តុះកូនក្នុងថង់ប្លាស្ទិក ផើង ឬថ្នាលក៏បាន ។ ប៉ុន្តែដីដែលបណ្តុះ គឺជាដីមានជីជាតិច្រើន ។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ យើងត្រូវលុបដីសើរៗ ពីលើឱ្យស្តើងបំផុត ដើម្បីឱ្យគ្រាប់ឆាប់ដុះ ។
នៅពេលគ្រាប់ដុះ យើងត្រូវដករំលោះកូនចេញខ្លះ ទុកតែដើមណា ដែលរឹងមាំល្អ ។ លុះដល់កូនដុះបានកំពស់១ទៅ២តឹក (ស្លឹក៥-៦ធាង) ទើបគាស់យកទៅដាំនៅចំការ ។ នៅចំការ យើងត្រូវរក្សាទុកដើមល្ហុងឈ្មោលខ្លះ គឺយ៉ាងតិចបំផុតក្នុងចំណោមល្ហុងពី២៥ដើម ក៏មានល្ហុងឈ្មោលមួយដែមដែរ ។
*** របៀបរៀបចំដីដាំ
ក្នុងការរៀបចំដីដាំ យើងត្រូវកាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង ចំងាយពីរណ្តៅមួយទៅមួយពី ២,៥ ទៅ ៣ម៉ែត្រ ដីក្នុងរណ្តៅយើងកាយដាក់មាត់រណ្តៅ ។ នៅក្នុងរណ្តៅដាក់ជីលាមកគោស្ងួត ស្មៅស្ងួត ដោយច្របល់ជាមួយដីឱ្យបានកន្លះរណ្តៅ ទើបយកអំបែងក្បឿងបន្ទះប៉ុនបាតដៃ ឬ១តឹកបួនជ្រុង ដាក់ឱ្យចំកណ្តាលរណ្តៅរួចបន្ថែមជី និងដីទៀតរហូតដល់ពេញរណ្តៅ ។
*** របៀបដាំ
មុនដាំត្រូវកាប់ដី ឬភ្ជួរហាលចោលពី ៥ ទៅ ៧ថ្ងៃ ដើម្បីឱ្យដីស្រស់ទឹកល្អ ។ បន្ទាប់មកកាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង និងរណ្តៅឃ្លាតពីគ្នា ៣ម៉ែត្រមួយ ។ នៅក្នុងរណ្តៅយើងត្រូវដាក់ជីកំប៉ុស្ត ឬជីលាមកសត្វបន្ថែមច្របល់ជាមួយដីឱ្យសព្វ ទើបចាប់ដាក់កូនដាំ ។ យើងជ្រើសរើសយកកូនល្ហុង ដែលបានត្រៀមទុក ដោយយកតែកូនណាដែលថ្លោសល្អមកដាំ ។ នៅពេលដាំ លៃយ៉ាងណាឱ្យឫសល្ហុងនៅចំពីលើអំបែងក្បឿងនោះ កុំឱ្យកូនល្ហុងបាក់ដើម ឬដាច់ឫស ។ ក្រោយពីដាំហើយ ត្រូវសង្កត់ដីជុំវិញកូនល្ហុងឱ្យណែន រួចស្រោចទឹកឱ្យជោគ ។ ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ថ្ងៃ កូនល្ហុងអាចដុះឫស ពង្រឹងដើមបានខ្លះ ។ ក្នុងអំឡុងពេលនេះ ប្រសិនបើគ្មានភ្លៀង យើងត្រូវប្រញាប់ស្រោចទឹក ដើម្បីកុំឱ្យកូនល្ហុងក្រិន ។
*** មូលហេតុនៃការអំបែងក្បឿងកណ្តាលរណ្តៅ៖
>> ដាំល្ហុងដោយដាក់ឫសកែវចំអំបែងក្បឿង គឺវាជួយឱ្យឫសកែវក្រិន ហាក់បីដូចជាយើងបានគ្រៀវឫសនោះដែរ ហើយម្យ៉ាងទៀតបើកូនល្ហុងនោះជាល្ហុងឈ្មោល ក៏ក្លាយជាល្ហុងញីដែរ ។ ផ្ទុយទៅវិញ ប្រសិនបើយើងទុកឱ្យឫសកែវចាក់ចុះទៅ ក្នុងដីជ្រៅ ធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ឬខ្យល់ដើមនឹងរលំបាក់ ។
>> ការកាប់រណ្តៅធំ ដាក់ជីធម្មជាតិ ច្រើនជួយឱ្យល្ហុងដុះលឿន មានដើមថ្លោស និងឆាប់ផ្តល់ផល ។
>> នៅពេលដែលដើមល្ហុងមានផ្លែច្រើន ត្រូវបេះផ្លែដែលមិនសូវល្អចោលខ្លះ ដើម្បីឱ្យផ្លែដែលនៅសល់ធំៗល្អ។
ការដាំល្ហុងឱ្យមានដើមទាប និងផ្លែច្រើននេះ គឺដោយសារ ដាក់អំបែងក្បឿងឱ្យចំឫសកែវ កាប់រណ្តៅឱ្យធំដាក់ជីធម្មជាតិ និងបេះផ្លែចោលខ្លះ ដើម្បីឱ្យផ្លែនៅសល់ធំៗ ។
*** ពេលវេលាដាំ
យើងអាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀង ពិសេសចៀសវាងកុំឱ្យកូនល្ហុងទទួលការជាំទឹកបាន ។
*** វិធីថែទាំ
ការថែទាំជាកិច្ចការមួយសំខាន់ណាស់ ក្រោយពីយើងដាំហើយ ទិន្នផលបានល្អ ឬមិនល្អ អាស្រ័យលើការថែទាំ ។ ក្នុងការថែទាំមានការស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ ។ល។
-ការស្រោចទឹក ៖ ក្រោយពីកូនល្ហុងដុះលូតលាស់ល្អហើយ យើងត្រូវបន្តការស្រោចទឹកទៀត ។ សេចក្តីត្រូវការទឹករបស់វា អាស្រ័យទៅតាមអាយុ និងអាកាសធាតុ ។ នៅរដូវវស្សា យើងមិនចាំបាច់ស្រោចទឹកទេ ព្រោះល្ហុងមិនត្រូវការដីជាំទឹកទេ ។ បើនៅរដូវប្រាំង យើងគួរស្រោចទឹក៥ថ្ងៃម្តង ចំពោះដើមល្ហុងណាដែលផ្តល់ផ្លែ ហើយប្រសិនបើទឹកពុំគ្រប់គ្រាន់ ក្នុងរយៈពេលនេះ អាចធ្វើឱ្យផ្លែល្ហុងតូចៗ ដើមរៀវតូច និងផ្លែតិច ។
-ការដាក់ជី ៖ ការដាក់ជីយើងអាចដាក់នៅពេលដាំ និងដាក់ជីបំប៉ន ។ សេចក្តីត្រូវការជីនៃដំណាំល្ហុង អាស្រ័យទៅតាមអាយុរបស់វា ។ ល្ហុងអាយុកាន់តែច្រើន សេចក្តីត្រូវការជីកាន់តែច្រើនដែរ ។ ចំណែកឯវិធីដាក់ជី គេច្រើនដាក់នៅជុំវិញ ទំហំស្លឹក ឬក្បែរគល់ ក្រោយពីដាក់ហើយ ត្រូវលប់ដីភ្លាម ហើយស្រោចទឹកឱ្យជោក ។ សំខាន់បំផុត នៅពេលល្ហុងលូតធំ គឺយើងត្រូវពូនជុំវិញគល់បន្ថែមដោយប្រើដីមានជីជាតិ ឬជីកំប៉ុស្ត ។
-ការពូនគល់ ៖ ត្រូវធ្វើជាប់ជានិច្ច លៃយ៉ាងណាកុំឱ្យឃើញមានឫសចេញមកខាងលើផ្ទៃដី ។
ការពូនរបៀបនេះ ធ្វើឱ្យឫសដែលដុះចេញមកអាចស្រូបយកជីជាតិ និងទឹកបានគ្រប់គ្រាន់ល្អ ។
*** ការប្រមូលផល
គេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ ។ វាចាប់ផ្តើមផ្កាផ្លែហើយបេះរហូតពេញមួយឆ្នាំ ហើយវានឹងឱ្យផលច្រើននៅពេលមានអាយុពី២ទៅ៣ឆ្នាំ ។ ចាប់ពីអាយុ៤ទៅ៥ឆ្នាំ ដើមរបស់វាចាប់លូតលាស់ខ្សោយ ផ្កាផ្លែក៏ចុះថយដែរ ។ ចំណែកឯវិធីបេះវិញគឺយើងត្រូវកាត់ផ្លែនៅទងសណ្តង់ឱ្យកៀកជិតដើម រួចសឹមកាត់ទង ដែលសល់វែងនោះចោល វិធីប្រមូលផលបែបនេះ ទើបត្រូវតាមក្បួនខ្នាត។
*** ផលប្រយោជន៍
គេអាចប្រើប្រាស់ផ្លែល្ហុងទុំជាបង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។ នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹកសំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត) ។
*** លក្ខណៈទូទៅ
ល្ហុងជារុក្ខជាតិមួយប្រភេទ ដែលងាយស្រួលដាំ វាលូតលាស់លឿន និងឆាប់ឱ្យផល ។ ដំណាំនេះជាទូទៅមានកំពស់ពី១,៥ ទៅ១,៦
ម៉ែត្រ ។ អាស្រ័យតាមប្រភេទពូជ និងបច្ចេកទេសដាំ ដុះ ។ ភាគច្រើនដំណាំល្ហុងពុំសូវបែកធាងសាខាទេ គឺមានលូតលាស់តែត្រួយ
ប៉ុណ្ណោះ ។
*** លក្ខណៈអាកាសធាតុ និងដី
ដំណាំល្ហុង អាចរស់បាននៅក្នុងតំបន់ដែលមានសីតុណ្ហភាពមធ្យមពី ២២ទៅ២៨អង្សាសេ។ ដំណាំនេះមានការលូតលាស់លឿននៅរដូវវស្សា ។ ចំណែកឯរដូវប្រាំង ការលូតលាស់ពុំសូវល្អទេ ទោះបីជាមានការស្រោចទឹកក៏ដោយ ព្រោះរដូវប្រាំងសីតុណ្ហភាពខ្ពស់ ។ ដំណាំល្ហុងត្រូវការលូតលាស់លើដីស្រស់ទឹក និងសំបូរជីជាតិ ជាពិសេសដីកណ្តេង ឬដីល្បាយខ្សាច់ ។ វាក៏ត្រូវការពន្លឺថ្ងៃផងដែរ ។
*** សរុបមក ដើម្បីដាំល្ហុងឱ្យបានទិន្នផលល្អ យើងគួរចងចាំនូវចំណុចសំខាន់ៗ ដូចខាងក្រោមនេះ ៖
-រក្សាល្ហុងកុំឱ្យជាំទឹក ព្រោះល្ហុងមិនសូវចូលចិត្តដីជាំទឹក ហើយហាប់ណែនទេ
-ឧស្សាហពូនគល់ល្ហុងកុំឱ្យឫសដុះចេញមកលើផ្ទៃដី
-គួរទុកដើមល្ហុងឈ្មោលខ្លះក្នុងចំការ ដើម្បីធានាឱ្យមានផ្លែបានល្អ
-ត្រូវជ្រើសរើសទីតាំងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ដើម្បីដាំល្ហុង ជាពិសេសពន្លឺថ្ងៃពេលព្រឹក។
សូមបងប្អូនកសិករទទួលបាននូវលទ្ធផលល្អក្នុងការដាំល្ហុង ៕
អ្នកទាំងអស់គ្នាក៍អាចស្វែងរកសៀវភៅឯកសារ និងវីដេអូឯកសារកសិកម្មផ្សេងៗទៀតនៅក្នុងវេបសាយ http://sophalleth.blogspot.com/ បានផងដែរ។
https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-0/p320x320/
https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/

ไม่มีความคิดเห็น:

แสดงความคิดเห็น